ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ រៀបចំវេទិកាវិនិយោគកម្ពុជា-កូរ៉េ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ភ្នំពេញ ដើម្បីផ្តល់ឱកាសដល់គណៈប្រតិភូវិនិយោគិននិងធុរជនកូរ៉េ ធ្វើការស្វែងយល់ពីស្ថានភាពជាក់ស្តែងអំពីបរិស្ថាន និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ វេទិកានេះត្រូវបានចូលរួមដោយគណៈប្រតិភូវិនិយោគិននិងធុរជនកូរ៉េជាង២០រូបមកពីក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ចំនួន ១៥ ដែលអញ្ជើញមកទស្សនៈកិច្ចកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តម H.E Mr. KIM Young-sun អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ក្នុងកម្មវិធីសកម្មភាពប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ។
គណៈប្រតិភូកូរ៉េដែលអញ្ជើញចូលរួមវេទិកានេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានជម្រាបជូនគណៈប្រតិភូវិនិយោគិន និងធុរជនកូរ៉េ ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នា២០១៥-២០២៥ ដែលប្រការនេះបានតម្រូវឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាធ្វើការកាន់តែច្រើនថែមទៀតដើម្បីរក្សាបាននូវឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់សំដៅទាញប្រយោជន៍ឱ្យបានជាអតិបរិមាពីឥទ្ធិពលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានកែលម្អបរិស្ថានវិនិយោគតាមរយៈការគិតគូររៀបចំច្បាប់និងបទប្បញ្ញត្តិទាក់ទងនឹងការវិនិយោគ និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញលំហូវិនិយោគថ្មីៗសំដៅធ្វើឱ្យការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលជាចក្ខុវិស័យគន្លឹះរបស់កម្ពុជាក្លាយជាការពិត ហើយធ្វើការតភ្ជាប់កម្ពុជាទៅក្នុងខ្សែសង្វាក់ផលិតកម្មតំបន់និងសកលលោក។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានជម្រាបជូនអង្គវេទិកាអំពីការបង្កើតនូវ គណៈកម្មាធិការសេដ្ឋកិច្ចចំរុះកម្ពុជា-កូរ៉េ ដែលគណៈកម្មាធិការសេដ្ឋកិច្ចចំរុះនេះ នឹងត្រូវជួបប្រជុំលើកទី១ របស់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីរួមគ្នាជំរុញទាក់ទាញការវិនិយោគពីកូរ៉េ មក កម្ពុជា បន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានជម្រាបជូនគណៈប្រតិភូកូរ៉េ ពីការត្រៀមលក្ខណៈក្នុងការជំរុញវិនិយោគ និងផ្តល់កិច្ចសម្រួលជូនអ្នកវិនិយោគកូរ៉េ តាមរយៈការបង្កើតឡើងនូវ “តុកូរ៉េ” ដែលកន្លងមករដ្ឋាភិបាលកូរ៉េ បានបញ្ជូនអ្នកជំនាញការមកធ្វើការក្នុង “តុកូរ៉េ” នេះ ក្នុងគម្រោងជំនួយបច្ចេកទេសរបស់ខ្លួន ហើយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមសំដែងនូវអំណរអរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េសម្រាប់ជំនួយបច្ចេកទេសទាំងនេះ។
ក្នុងសន្ទរកថាបើករបស់ឯកឧត្តម H.E Mr. KIM Young-sun បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរៀបចំឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូវិនិយោគពីកូរ៉េមកកម្ពុជាឱ្យបានញឹកញាប់និងច្រើនជាងមុន ដោយសារមជ្ឈមណ្ឌលបានសម្លឹងឃើញពីអនាគតរបស់កម្ពុជានិងតួនាទីសំខាន់ដែលកម្ពុជាកំពុងចូលរួមក្នុងកិច្ចកសាងនិងរក្សានូវស្ថេរភាពសេដ្ឋកិច្ចរបស់តំបន់ក្នុងបរិការនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គវេទិកាត្រងត្រាប់និងចោទសួរដល់វាគ្មិនរបស់កម្ពុជា ក៏ដូចជាកូរ៉េ ដែលកំពុងវិនិយោគនៅកម្ពុជា ដើម្បីបានជាមូលដ្ឋានក្នុងការសម្រេចចិត្តវិនិយោគនៅកម្ពុជានាពេលខាងមុខ។
ក្នុងពិធីបើកវេទិកានេះ ឯកឧត្តម H.E. Mr. KIM Won-jin ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ក៏បានសំដែងការអបអរសាទរចំពោះកិច្ចសហការប្រកបដោយផ្លែផ្កាដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បានរៀបចំឡើងនូវវេទិកាដ៏មានសារសំខាន់នាពេលនេះ។ ឯកឧត្តម បានប្តេជ្ញាជំរុញឱ្យកិច្ចសហប្រតិបត្តិកម្ពុជា-កូរ៉េ កាន់តែបង្កើតបាននូវផ្លែផលច្រើនបន្ថែមទៀត ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគក្រោមគណៈកម្មាធិការសេដ្ឋកិច្ចចំរុះកម្ពុជា-កូរ៉េ ដែលទើបតែទទួលបានការឯកភាពឱ្យបង្កើតឡើងហើយនឹងត្រូវជួបគ្នាលើកដំបូងនៅខែមិថុនា ឆ្នាំ២០១៦ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។