កាលពីថ្ងៃ១៣-១៤ ខែមិថុនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្រោមកម្មវិធីអភិក្រមគ្របដណ្តប់ទូទាំងវិស័យពាណិជ្ជកម្ម បានសហការរៀបចំសិក្ខាសាលាស្តីពី “ការជំរុញ និងកិច្ចសម្រួលការវិនិយោគ” នៅទីរួមខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គោលបំណងរបស់សិក្ខាសាលា គឺដើម្បីចែករំលែកចំណេះដឹង និងធ្វើបច្ចុប្បន្នភាពការងារពាក់ព័ន្ធនឹងការវិនិយោគឯកជន និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ជូនមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធហើយដែលបាននិងកំពុងបម្រើការនៅអនុគណៈកម្មាធិការិនិយោគខេត្ត និងតំណាងផ្នែកឯកជនផងដែរ។ សិក្ខាសាលាដែលរៀបចំទ្បើងនេះគឺមានការចូលរួមពីមន្ត្រីរាជការជា សមាជិកអនុគណៈកម្មាធិការវិនិយោគ និងសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុបទាំងអស់ប្រមាណ៨០នាក់។
បន្ទាប់ពីឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាបានថ្លែងសុន្ទរថាបើក ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងវាគ្មិនជាច្រើនរូបទៀតបានធ្វើបទបង្ហាញលើប្រធានបទគន្លឹះនានាពាក់ព័ន្ធនឹងកិច្ចការវិនិយោគរួមមាន៖ (១) គោលនយោបាយលើកទឹកចិត្តវិនិយោគផ្នែកពន្ធដារ, (២) ការជំរុញវិនិយោគ : បរិយាកាសវិនិយោគ និងកាលានុវត្តភាព, (៣) ក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងច្បាប់វិនិយោគអន្តរជាតិ, (៤) ទស្សនទាននៃការថែទាំវិនិយោគ ដែលបានចង្អុលបង្ហាញក្រោម “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៥-២០២៥”, (៥) ការវាយតម្លៃ និងផ្ដល់ការលើកទឹកចិត្តវិនិយោគ, (៦) យន្តការត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគ, (៧) ការប្រតិបត្តិរបស់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, (៨) ទស្សនៈអនាគតសម្រាប់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងការរៀបចំយុទ្ធសាស្ត្រជំរុញការវិនិយោគ, (៩) ការផ្តល់កិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, និង (១០) សហប្រតិបត្តិការរវាងចិន និងកម្ពុជា ក្នុងការជំរុញវិនិយោគ និងកសាងសមត្ថភាព ព្រមទាំងតួនាទីរបស់ស្ថានទូតចិននៅកម្ពុជាក្នុងការជំរុញវិនិយោគចិន នៅកម្ពុជា។
នៅចុងបញ្ចប់នៃសិក្ខាសាលា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គ-លេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការស្អិតរមួតរវាងកម្ពុជា ចិន ដែលបានទាក់ទាញលំហូរទុនវិនិយោគដ៏ច្រើន និងបានបង្កើតការងារជូនប្រជាជាជនកម្ពុជា ជាពិសេសតាមរយៈគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយដែលដាក់ចេញដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបង្កើតយន្តការហិរញ្ញប្បទានសម្រាប់កម្ពុជាប្រើប្រាស់ដើម្បីបង្កើនកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលការណ៍សំខាន់ៗនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលទាមទារឱ្យមានកិច្ចសម្របសម្រួល និងសហការជិតស្និទ្ធរវាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ សំដៅសម្រេចតាមគោលដៅ និងចក្ខុវិស័យរបស់គោលនយោបាយក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឈានទៅធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងទាក់ទាញការវិនិយោគសក្ដានុពលបន្ថែមទៀត សម្រាប់បង្កើតការងារកាន់តែច្រើនថែមទៀតជូនប្រជាជនកម្ពុជា។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យយកបទពិសោធន៍ និងចំណេះដឹងទាំងនេះយកទៅអនុវត្ត និងផ្តល់នូវសេវាថែទាំវិនិយោគឱ្យកាន់តែល្អប្រសើរ ក៏ដូចជាខិតខំប្រឹងប្រែងដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងខេត្តរបស់ខ្លួនកាន់តែច្រើនទ្បើងបន្ថែមទៀត ព្រមទាំងបានប្រគល់នូវវិញ្ញាបនបត្រជូនសិក្ខាកាមទាំងអស់។