spmenu
Home » សេចក្តីប្រកាសព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន

Published: 2017 Feb 09

នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង១ និង៣០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិមានរដ្ឋាភិបាល ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ទទួល​ជួបជាមួយគណៈប្រតិភូធុរកិច្ចជប៉ុនចំនួន២០ក្រុមហ៊ុន ដែលអញ្ជើញមកពីទីក្រុងអូអ៊ីតា ប្រទេសជប៉ុន ដឹកនាំដោយ​លោក កៃអ៊ិឈី យ៉ាម៉ាដា (Keiichi Yamada) នាយកគ្រប់គ្រងទូទៅនៃការិយាល័យអន្ដរជាតិនៃធនាគារអូអ៊ីតា (Oita Bank)។

ទីក្រុងអូអ៊ីតា (​Oita) មានភូមិសាស្ដ្រស្ថិតនៅលើកោះឃ្យូស៊ូ (Kyushu)នៃប្រទេសជប៉ុន ហើយជាទីក្រុង មាន​ភាព​ល្បីល្បាញដោយសារតំបន់ទឹកពុះធម្មជាតិ (Hot Spring)។ ក្រៅពីសក្ដានុពលទេសចរណ៍ ទីក្រុងនេះក៏ជាមជ្ឈមណ្ឌល​កន្សោមឧស្សាហកម្មតំបន់ឆ្នេរនៃប្រទេសជប៉ុនផងដែរ។​ លើសពីនេះ​ ទីក្រុងអូអ៊ីតាគឺជាកន្លែងផ្ដួចផ្ដើមចលនាភូមិ ១ ផលិតផល ១ (One Village One Product Movement) ដែលមានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់​ទូទាំងពិភពលោក។

ឯកឧត្តម សុខ ចិន្តាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណដល់​គណៈ​ប្រតិភូ​ធុរកិច្ច​ជប៉ុន​ដែលបានចំណាយពេលវេលា និងធនធាន ដើម្បីធ្វើដំណើរមកស្វែងយល់ដោយផ្ទាល់ពីសក្តានុពល​ និងកាលា​នុវត្តភាពវិនិយោគ និងការប្រតិបត្ដិការធុរកិច្ចនៅ​កម្ពុជា។ ក្នុងបរិការណ៍នេះ ឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូបានជម្រាបជូន​គណៈ​ប្រតិ​ភូធុរកិច្ចជប៉ុនពី​សក្តានុពល​ និងកាលានុវត្តភាព​វិនិយោគដែលកម្ពុជាមាន ដោយបានលើកឡើងពីភាពអំណោយផលនៃ​ស្ថិរភាព​នយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញក្នុងប្រទេស ដែលកត្តាទាំងនេះ បានធ្វើឱ្យកម្ពុជា​ស្ថិតនៅលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងអត្រាកំណើនជាមធ្យម ៧.៧.% ក្នុង​រយៈពេល ២ទសវត្សរ៍ និងត្រូវ​បាន​ទទួល​ស្គាល់ជាប្រទេសមួយក្នុងចំណោម​ប្រទេស​ឯតទគ្គករកំណើន (Olympian of  Growth) ទាំង ៨ ក្នុង​ពិភពលោក​ដែលមាន​កំណើន​រឹងមាំ។ ឯកឧត្ដម​រដ្ឋមន្ដ្រីប្រតិភូ ក៏បាន​ជម្រាប​ពីការដាក់ចេញនូវ​គោលនយោបាយអភិវឌ្ឍន៍​​វិស័យ​ឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាមគ្គុទេសក៍ជំរុញការ​អភិវឌ្ឍ​វិស័យឧស្សាហកម្មនៅ​កម្ពុជា ដែលនឹងរួម​ចំណែក​ដល់​ការ​បន្ត​​រក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធ្វើ​ពិពិធកម្មសេដ្ឋកិច្ច ការ​ពង្រឹង​​នូវ​ឧត្តមភាព​ប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។ បន្ថែមលើនេះ កម្ពុជាមានភាពសំបូរបែប និងវ័យក្មេង​នៃ​កម្លាំង​ពលកម្ម ហើយកម្លាំងពលកម្មនេះត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុងអំឡុងពេល ២ទៅ៣ ទសវត្សរ៍​ទៅ​មុខ​ទៀត។ ទំនិញ​ផលិតនៅកម្ពុជាបានទទួលនូវប្រព្រឹត្តកម្មអនុគ្រោះក្រោមរបប “អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ” គឺពន្ធ​សូន្យ​ដោយ​គ្មាន​កំណត់បរិមាណពីសហភាពអឺរ៉ុប និងការបង់ពន្ធនាំចូលតាមអត្រាទាបចូលទីផ្សារធំៗដទៃទៀត។ ក្នុងក្របខណ្ឌ​សហគមន៍​​សេដ្ឋកិច្ចអាស៊ាន ទំនិញផលិតនៅកម្ពុជា នឹងអាចនាំចូលគ្រប់ទីផ្សារប្រទេសសមាជិក​អាស៊ានដោយ​ពុំ​ជាប់​ពន្ធ​នាំចូល។

លោក កៃអ៊ិឈី យ៉ាម៉ាដា តំណាងឱ្យគណៈប្រតិភូធុរកិច្ចជប៉ុន បានសម្តែងនូវអំណរគុណចំពោះបដិសណ្ឋារកិច្ច​ស្វាគមន៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានទទួលស្គាល់ និងសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលក្នុង​គ្រប់គ្រង និងដឹកនាំប្រទេសដែលធ្វើឱ្យមានការរីកចម្រើនលូតលាស់ និងមានកំណើនយ៉ាងខ្លាំង។ គណៈប្រតិភូក៏បាន​ចែក​រំលែក​​នូវព័ត៌មានពីការពេញចិត្តនឹងសកម្មភាពធុរកិច្ចនៅកម្ពុជារបស់វិនិយោគិនជប៉ុនដែលបានមកបណ្តាក់ទុនវិនិយោគនា​ពេល​កន្លងមកផងដែរ។​

យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់ជប៉ុននៅកម្ពុជាក្នុងឆ្នាំ២០១៦ មានទុនវិនិយោគសរុបប្រមាណ ៨២២លានដុល្លារអាមេរិក ស្មើនឹង ២២,៧៨%នៃទុនវិនិយោគសរុប ដែលធ្វើឱ្យជប៉ុនជាប់​ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសវិនិយោគនៅកម្ពុជា។

Social Network

Local Ministries

ministry-of-information Ministry of Information
ministry-of-public Ministry of Public Works and Transport
ministry-of-education Ministry of Education, Youth and Sport
ministry-of-tourism Ministry of Tourism
ministry-of-agriculture Ministry of Agriculture, Forestry and Fisheries
ministry-of-mines-energy Ministry of Mines and Energy
ministry-of-commerce Ministry of Commerce
General Department of Taxation General Department of Taxation
General Department of Customs and Excise General Department of Customs and Excise
Ministry of industry and handicraft Ministry of industry and handicraft
Ministry of Economy and Finance Ministry of Economy and Finance
Ministry of Foreign Affairs and International Cooperation Ministry of Foreign Affairs and International Cooperation

Supporter

Mizuho Bank, Ltd. Mizuho Bank, Ltd.
Net Frontier Cambodia Co.,Ltd. Net Frontier Cambodia Co.,Ltd
gotop