spmenu
Home » សេចក្តីប្រកាសព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន

Published: 2017 Feb 22

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលដឹកនាំដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត ម៉ៃឃើល មីចាឡាក់ (Michael Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ដោយមានការអមដំណើរពីសំណាក់ ឯកឧត្តម វីលៀម ហៃ (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ គណៈប្រតិភូនាពេលនេះ មានសមាជិកចំនួន៣១រូប មកពីក្រុមហ៊ុនឯកជនធំៗរបស់អាមេរិកចំនួន១៤។ ក្រុមប្រឹក្សាធុរកិច្ចនេះ គឺជា​ស្ថាប័នពិគ្រោះយោបល់ដ៏សំខាន់សម្រាប់ក្រុមហ៊ុនសាជីវកម្មរបស់សហរដ្ឋអាមេរិក ដែលប្រតិបត្តិការនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ និងបានដើរតួនាទីយ៉ាង​សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងវិនិយោគដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមករវាង​សហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ក្រុមប្រឹក្សាធុរកិច្ចនេះ មានការិយាល័យចំនួន៦នៅក្នុងបណ្តាទីក្រុងនៃប្រទេសសមាជិកអាស៊ាន។

ក្នុងជំនួបពិភាក្សាខាងលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូ និងតែងតែបានគាំទ្រជាប្រចាំដល់ដំណើរ​បេសកកម្មទស្សនកិច្ចរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅប្រទេសកម្ពុជា។ គោលបំណងសំខាន់នៃជំនួបនេះគឺដើម្បីពិភាក្សាលើកិច្ចការចម្បងៗក្នុងការធ្វើឱ្យប្រសើរឡើងថែមទៀតនូវទំនាក់ទំនងធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ​ កម្ពុជា-សហរដ្ឋអាមេរិក រួមមាន (១) ការផ្ដល់ការគាំទ្រចាំបាច់ដល់កម្ពុជាក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន​ក្រោមក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយស្វែងយល់ និងកំណត់នូវបញ្ហាគតិយុត្តដែលរាំងស្ទះដល់​សុខដុមនីយកម្មតំបន់ និង (២) ការស្នើសុំឱ្យបង្កើនឱកាសឱ្យកាន់​តែច្រើនថែមទៀតដល់ ធុរជនអាមេរិក ក្នុងការចូលរួម​ពិគ្រោះយោបល់លើការរៀបចំ​ឯកសារគតិយុត្តពាក់ព័ន្ធនឹងធុរកិច្ច និងវិនិយោគ។ ទន្ទឹមនឹងប្រធានបទខាងលើ គណៈប្រតិភូក៏បានលើកឡើងអំពីសារៈសំខាន់នៃ​ការជំរុញឱ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក (e-payment) សម្រាប់សម្រួលដល់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ជាពិសេសសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក (e-commerce)។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានជម្រាបជូនគណៈប្រតិភូថា៖
ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលសេដ្ឋកិច្ចតំបន់និងសកលលោក ជាពិសេសនៅក្នុងបរិការនៃសមាហរណកម្មអាស៊ាន និងការចូលជាធរមាននៃសហគមន៍សេដ្ឋកិច្ចអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥ -២០២៥ ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការកៀរគរវិនិយោគផ្ទាល់ពីបរទេស ជាពិសេស ការចូលរួមទៅក្នុងខ្សែសង្វាក់តម្លៃតំបន់។ ក្នុងន័យនេះ ឯកឧត្តម សូមលើកទឹកចិត្តដល់វិនិយោគិនអាមេរិកដែលមានសកម្មភាពនៅក្នុងតំបន់អាស៊ានឱ្យពិចារណាពីលទ្ធភាពនៃការចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា ដើម្បីតភ្ជាប់ទៅនឹងប្រតិបត្តិការដែលមានស្រាប់នៅបណ្តាប្រទេសអាស៊ាន ឯទៀត។
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ចាប់តាំងពីឆ្នាំ១៩៩៩ មក រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានវេទិការាជរដ្ឋាភិបាលនិង វិស័យឯកជន ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ និងមានក្រុមការងារតាមវិស័យចំនួន១០ ដែលដឹកនាំដោយសហប្រធានដែលជារដ្ឋមន្ត្រីនៃក្រសួងជំនាញនិងតំណាងវិស័យឯកជន ដើម្បីផ្តល់ឱកាសឱ្យ វិស័យឯកជនលើកឡើងនូវកង្វល់នានារបស់ខ្លួនមកដោះស្រាយរួមគ្នា ក៏ដូចជាចូលរួមចំណែកផ្តល់មតិដល់ការតាក់តែងនិងកែលម្អបទដ្ឋានគតិយុត្ត និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

កំណើនទុនវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា៖ កើនឡើងជាង ១៥ដង ពីប្រមាណ ៧,៥លាន​ដុល្លារអាមេរិកនៅឆ្នាំ២០១៥ ទៅដល់ជិត ១២២លានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ជាពិសេស​ក្នុងនោះក៏មានគម្រោងពង្រីកផលិតកម្មរបស់ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ក្នុង​គម្រោងទុនពង្រីកចំនួន ១០០លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេសភ្នំពេញ ដែលកន្លងមកថ្មីៗនេះ ត្រូវបានដាក់​សម្ពោធ​ឱ្យដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។ នេះជាទឡ្ហីករណ៍ដ៏សំខាន់ក្នុងការបង្ហាញពីសក្ដានុពល និងវឌ្ឍនភាពល្អប្រសើរនៃ​បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំនឿចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ សហរដ្ឋអាមេរិក បានប្រកាសពីការផ្ដល់ការលើកលែងពន្ធ​នាំចូលលើមុខទំនិញប្រើប្រាស់ក្នុងការធ្វើដំណើរ (Travel Goods) ដូចជា វ៉ាលីស, សាក់កាដូ, និងកាបូបដៃ។ល។ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលនេះជាកត្តាអំណោយផលដល់ការផលិត និងនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

Social Network

Local Ministries

ministry-of-information Ministry of Information
ministry-of-public Ministry of Public Works and Transport
ministry-of-education Ministry of Education, Youth and Sport
ministry-of-tourism Ministry of Tourism
ministry-of-agriculture Ministry of Agriculture, Forestry and Fisheries
ministry-of-mines-energy Ministry of Mines and Energy
ministry-of-commerce Ministry of Commerce
General Department of Taxation General Department of Taxation
General Department of Customs and Excise General Department of Customs and Excise
Ministry of industry and handicraft Ministry of industry and handicraft
Ministry of Economy and Finance Ministry of Economy and Finance
Ministry of Foreign Affairs and International Cooperation Ministry of Foreign Affairs and International Cooperation
ODA-Cambodia

Supporter

Mizuho Bank, Ltd. Mizuho Bank, Ltd.
Net Frontier Cambodia Co.,Ltd. Net Frontier Cambodia Co.,Ltd
gotop